(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ជូនដំណឹងស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖

* នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុងបូកគោ នៃខេត្តកំពត ត្រូវអនុវត្តតាមជំពូកទី៥ ផ្នែកទី៣ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ គណបក្សនយោបាយ អាចទាញយកនីតិវិធីនេះពីគេហទំព័រ គ.ជ.ប (www.nec.gov.kh)។

* ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។

*គណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមកយកគំរូពាក្យសុំនៅ គ.ជ.ប ឬគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះ ឬអាចទាញ យកពីគេហទំព័រ គ.ជ.ប (ww.nec.gov.kh) និងត្រូវដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពត។

* កាលបរិច្ឆេទ និងពេលវេលាទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះគឺចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ នៅរៀងរាល់ម៉ោងធ្វើការ។

* ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចមានក្នុងទម្រង់បែបបទលេខ ១០០៨។

គ.ជ.ប សង្ឃឹមទុកជាមុនថា គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងមានបំណងឈរឈ្មោះបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាព។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុងបូកគោនៃខេត្តកំពត ដែលក្រុងនេះមានសង្កាត់ចំនួន៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕