(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានផ្លូវការ បង្ហាញពីការស្លាប់របស់មនុស្ស ៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដែលប្រកាសដោយក្រសួងសុខាភិបាលនោះរួមមាន៖

* ទី១៖ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលមកព្យាបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖៥៥នាទី ក្នុងស្ថានភាពបាត់បង់ស្មារតី ពេលចូលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យភ្លាមៗ ហើយបញ្ជាក់ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនពេលចូលមកដល់មន្ទីរពេទ្យ នៅវេលាម៉ោង២២៖៥៥នាទី នាថ្ងៃដដែល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនពេលចូលមកដល់មន្ទីរពេទ្យ (Mourant entrant avec CoVID-19)។

* ទី២៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៤៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានអាការៈក្តៅខ្លួន ក្អក ហត់ ហើយបានព្យាបាលនៅផ្ទះរយៈពេលមួយសប្តាហ៍ ប៉ុន្តែសភាពជំងមិនបានធូរស្រាលទើបក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរព្រះបាទ នរោត្តម សីហនុ ត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦៖៣០ នាទី ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានយកសំណាក ហើយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ព្រមទាំងជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើ
ប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ២១៖១៨នាទីនាថ្ងៃខែឆ្នាំដដែល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ អាយុ៤៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

* ទី៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ជាមួយរោគសញ្ញាក្តៅខ្លួន ក្អក ហត់ខ្លាំង រួមទាំងមាន ប្រវត្តិជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានយកសំណាកហើយ ទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។

ដោយការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងឡើងៗ សភាពហត់ដង្ហក់ខ្លាំងក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាសំម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤៖២០នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរ អាយុ៦៤ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ១៩ លើអ្នកមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា កើនឡើងរហូតដល់៩១នាក់៕