(ព្រះសីហនុ)៖ នៅថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធី ស្នើសុំបណ្តេញចេញ ជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិនរូបនេះផ្គើននឹងបំរាមណែនាំ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា កម្លាំងសមត្ថកិច្ចនៅតាមគោលដៅក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្រោយរូបគេ មិនព្រមអនុវត្តតាមវិធានការ និងការណែនាំរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងបំរាមបិទខ្ទប់នៅក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកបានបន្តថា ក្រោយការឃាត់ខ្លួន លោកអភិបាលខេត្តបានបញ្ជាឲ្យសមត្ថកិច្ចជំនាញ រៀបចំនីតិវិធីបណ្តេញ និងហាមឈ្មោះបុរសជនជាតិចិនម្នាក់នេះចូលមកកម្ពុជាទៀតជារៀងរហូត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីជំងឺកំពុងកំរើកឡើងវិញខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការបិទខ្ទប់នេះ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា។ ក្នុងកំលុងពេលបិទខ្ទប់នេះ រដ្ឋបាលខេត្តហាមឃាត់ការធ្វើដំណើរ និងការចេញពីលំនៅឋាន លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។

ការធ្វើអាជីវកម្មនានា ក៏ត្រូវបានហាមឃាត់ផងដែរ លើកលែងតែអាជីវកម្មចាំបាច់នឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាសេវាសុខាភិបាល និងការផ្គត់ផ្គង់ស្បៀងអាហារប៉ុណ្ណោះ៕