(ភ្នំពេញ) ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាព លោក ទូនី រ៉សេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។

តាមរយៈសារលិខិតនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំចំពោះមរណភាព ឯកឧត្តម ទូនី រ៉សេត នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីសក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨:០០ នាទីព្រឹក ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកថា មរណភាព លោក ទូនី រ៉សេត គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេង ជីតា ជីតាទូត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ប្រពៃសម្រាប់កូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត និងមិត្តជិតឆ្ងាយទាំងអស់។ សម្តេចបានបញ្ជាក់ថា រូបកាយរបស់ លោក ទូនី រ៉សេត បាត់បង់ទៅមែនពិត ប៉ុន្តែ បានបន្សល់នូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម និងគម្រូវីរភាពជាប់ក្នុងនោសញ្ចេតនាបុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិជិតឆ្ងាយទាំងអស់ជានិរន្តរ៍។

សូមបញ្ជាក់ថា លោក ទូនី រ៉សេត បានទទួលមរណភាព នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨:០០ នាទីព្រឹក ក្នុងជន្មាយុ ៦១ឆ្នាំ៕