(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគចំនួន៥.៦លានដុល្លារ និងបង្កើតការងារ បានជិត១.៥ពាន់កន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ថែមទៀតថា ក្រុមហ៊ុននេះ មានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើតរោងចក្រ ដំឡើងទោចក្រយានទោចក្រយាន អគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ។

ក្រុមហ៊ុន DA WEI YE INTERNATIONAL CO., LTD មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៣៥០កន្លែង៕