(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិត រួមទាំងម្ចាស់រោងចក្រ-សហគ្រាស ម្ចាស់ក្រុមហ៊ុន និងអ្នកបម្រើការផ្នែករដ្ឋបាលដែលកំពុងរស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ មិនអាចចេញពីកន្លែងស្នាក់នៅទៅធ្វើការនៅតំបន់លឿងបានឡើយ ពោលរោងចក្រនៅតំបន់លឿង អាចប្រើកម្មករដែលនៅក្នុងតំបន់លឿងដូចគ្នាប៉ុណ្ណោះ។

គួរជម្រាបថា យោងតាមសេចក្ដីសម្រេចលេខ ៥៤ ស្ដីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរោងចក្រ សហគ្រាស ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងតំបន់ពណ៌លឿង អាចបើកដំណើរការអាជីវកម្ម និងផលិតកម្មរបស់ខ្លួនឡើងវិញបាន ខណៈតំបន់ពណ៌ក្រហម និងតំបន់ពណ៌លឿងទុំ គឺមិនត្រូវបានអនុញ្ញាតឡើយ ពោលគឺនៅអនុវត្តវិធានការតឹងរឹងដដែល។ សេចក្ដីសម្រេចនេះមានសុពលភាពអនុវត្តរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News បន្ថែម នៅថ្ងៃទី២៩ ខែមេសានេះ លោក ហេង សួរ បានឱ្យដឹងថា យោងតាមសេចក្ដីសម្រេចលេខ ៥៤ របស់រាជរដ្ឋាភិបាល (ដូចមានបញ្ជាក់ខាងលើ) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងទៅផ្នែករដ្ឋបាល និងម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តាមរយៈសមាគមកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ព្រមទាំងកម្មករនិយោជិតផងដែរ អំពីការអនុញ្ញាតឱ្យរោងចក្រ សហគ្រាស ក្រុមហ៊ុនដែលស្ថិតនៅតំបន់លឿង អាចចាប់ដំណើរការអាជីវកម្ម និងផលិតកម្មរបស់ខ្លួន ឡើងវិញបាន ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ ក៏ប៉ុន្តែក្រសួងការងារមិនអនុញ្ញាតឱ្យកម្មករនិយោជិត រួមទាំងម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ឬក៏អ្នកបម្រើការផ្នែករដ្ឋបាលដែលកំពុងរស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ចេញពីកន្លែងខ្លួនឯងស្នាក់នៅ ដើម្បីទៅធ្វើការនៅក្នុងតំបន់លឿងនោះឡើយ។

លោក ហេង សួរ បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់ផ្នែករដ្ឋបាល ក៏ដូចជាម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ឱ្យបញ្ឈប់ការ Call ទៅបុគ្គលិករបស់ខ្លួនដែលកំពុងស្ថិតនៅតំបន់ក្រហម និងតំបន់លឿងទុំ ឱ្យមកធ្វើការនៅតំបន់លឿងតទៅទៀត ពីព្រោះការបង្ខំឱ្យមនុស្សដែលកំពុងរស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំចេញពីកន្លែងស្នាក់នៅ គឺជាការល្មើសទៅនឹងសេចក្ដីសម្រេចលេខ ៥៤ របស់រាជរដ្ឋាភិបាល ហើយល្មើសទៅនឹងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។

អ្នកនាំពាក្យក្រសួងការងាររូបនេះបានសង្កត់ធ្ងន់ថា ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ត្រូវចាប់ផ្ដើមសកម្មភាពអាជីវកម្មរបស់ខ្លួន ជាមួយនឹងចំនួនកម្មករនិយោជិតដែលស្ថិតនៅតំបន់លឿងដូចគ្នាតែប៉ុណ្ណោះ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រសិនជាមានការយល់ច្រឡំមុនពេលស្ដាប់សារសំឡេងខ្ញុំ សូមបញ្ចប់នូវការយល់ច្រឡំនេះ ប៉ុន្តែបានស្ដាប់ហើយ នៅតែបន្តបង្ខំ ឬមួយព្យាយាមចេញពីតំបន់ក្រហម ឬតំបន់លឿងទុំ គឺសាមីជននីមួយៗអាចប្រឈមនឹងការពិន័យដោយអាជ្ញាធរ ហើយក្រសួងការងារក៏អាចពិន័យទៅលើរោងចក្រទាំងឡាយណា ដែលមានភស្ដុតាងយ៉ាងច្បាស់ថា បានបង្ខំកម្មករនិយោជិតដែលរស់នៅក្នុងតំបន់ក្រហម ឬតំបន់លឿងទុំ ឱ្យចេញមកធ្វើការ»

លោក ហេង សួរ ក៏បានអំពាវនាវដល់កម្មករនិយោជិតដែលរស់នៅតំបន់ពណ៌ទាំងបីនេះ ត្រូវតែស្វែងយល់ឱ្យបានច្បាស់ថា ខ្លួនកំពុងរស់នៅ-ស្នាក់នៅក្នុងតំបន់ពណ៌ណា ហើយត្រូវអនុវត្តតាមការសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យបានតឹងរឹងបំផុត ពិសេសមិនត្រូវចេញពីតំបន់ក្រហម និងតំបន់លឿងទុំឡើយ ទោះបីមានការបង្ខំពីសំណាក់ម្ចាស់រោងចក្រ ឬម្ចាស់ក្រុមហ៊ុនក៏ដោយ។

លោកបានបន្ថែមទៀតថា ប្រសិនបើមានម្ចាស់រោងចក្រ សហគ្រាស ឬម្ចាស់ក្រុមហ៊ុន ហ៊ានបញ្ឈប់កម្មករនិយោជិតពីការងារ ដោយសារការមិនចេញពីតំបន់ក្រហម និងតំបន់លឿងទុំទៅធ្វើការនៅតំបន់លឿង ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ពេលផុតកំណត់នៃការបិទខ្ទប់នោះ សូមកម្មករនិយោជិតប្ដឹងមកក្រសួងការងារ ក្រសួងនឹងចុះទៅដោះស្រាយ ហើយបង្ខំឱ្យរោងចក្រ សហគ្រាសទាំងអស់នោះ ទទួលយកកម្មករនិយោជិតរបស់ខ្លួនឡើងវិញ៕