(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨២នាក់ ក្នុងនោះ៦៦នាក់ ឆ្លងចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកឆ្លងទាំង៨២នាក់នោះ មានចំនួន២៥នាក់ដែលបានព្យាបាលជាសះស្បើយ។ ដោយឡែក អ្នកកំពុងធ្វើចត្តាឡីសក័សរុប ៧០២នាក់ (ស្រី៣៣២នាក់) ក្នុងនោះមាននៅសាលាគរុកោសល្យ ៤៨២នាក់, មន្ទីរពេទ្យស្រីសន្ធរ ៥៤នាក់ និងនៅតាមផ្ទះ ១៦៦នាក់។

គួរជម្រាបថា នៅព្រឹកមិញនេះ រដ្ឋបាលខេត្តកំពង់ចាម ទើបបានប្រកាសពីការរកឃើញមនុស្សចំនួន៣៩នាក់ថ្មីបន្ថែមទៀត កើតជំងឺកូវីដ១៩ នៅស្រុកបាធាយ, ស្រុកកងមាស និងស្រុកស្រីសន្ធរ ដែលសុទ្ធតែចេញពីចង្កោមរោងចក្រ Six Plus និងរោងចក្រ 7NG។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា រដ្ឋបាលខេត្តបានដាក់ចេញវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ ឃុំមួយចំនួនដែលពាក់ព័ន្ធករណីវិជ្ជមានជំងឺកូវីដ១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទៅសហគមន៍ផ្សេងទៀត ក្នុងនោះ៖

* ស្រុកកងមាស៖ ឃុំកងតាណឹង, ឃុំស្ដៅ និងឃុំរកាអារ និងភូមិគងជ័យ អន្លង់គគី ឃុំព្រែកកុយ
* ស្រុកបាធាយ៖ ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង, ភូមិចុង និងភូមិសង្កើប ឃុំសំបូរ, ភូមិតាំងក្រាំង ឃុំជាលា
* ស្រុកស្រីសន្ធរ៖ ឃុំប្រាំយ៉ាម (មាន៤ភូមិ), ភូមិសន្ទៃ ភូមិច្រស់ ឃុំព្រែកពោធិ៍ និងភូមិជ័យ ឃុំមានជ័យ៕