(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោក ស សុខា និងលោកស្រី កែ សួនសុភី បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ ទៅចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា អំណោយរបស់អង្គការ One2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបុរី ដែលផ្តល់ស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគដល់លោក ស សុខា ហើយលោកបន្តចែកជូនដល់កងកម្លាំងសមត្ថកិច្ចខណ្ឌ ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដោយមើលឃើញអំពីការនឿយហត់របស់ពួកគាត់ និងប្រជាពលរដ្ឋដែលខ្វះខាតជីវភាពជាបន្តបន្ទាប់ផងដែរ។

ខណៈចុះចែកតាមខ្នងផ្ទះ តាមបន្ទប់ជួលនោះ លោក អាំង សិរីពិសិដ្ឋ បានសំណូមពរឱ្យប្រជាពលរដ្ឋ កុំចាកចេញពីផ្ទះ និងឱ្យប្រជាពលរដ្ឋយើងសហការចូលរួមជាមួយរាជរដ្ឋាភិបាល ស៊ូទ្រាំលំបាករយៈពេលខ្លី យើងនឹងបានប្រកបការងារដូចដើម តែបើសិនជាយើងបន្តចាកចេញពីផ្ទះដដែល មិនដឹងពេលណាទេ យើងនឹងបានរួចផុតពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលនោះទេ។

ជាមួយគ្នានេះដែរ លោកបានសរសេីរដល់អាជ្ញាធរសង្កាត់កងកម្លាំង ប្រជាការពារដែលបាលលះបង់កម្លាំងកាយចិត្តអនុវត្តនូវសេចក្តីសម្រេចលេខ៥០, ៥១, ៥២, ៥៣, និង៥៤ និងសារទរផងដែរ ដែលប្រជាពលរដ្ឋភូមិ១ នៃសង្កាត់ផ្សារដើមថ្កូវ សន្យាចំពោះមុខលោកថា នឹងមិនចេញក្រៅផ្ទះឡេីយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ចំនួន២០០គ្រួសារ ដែលបានទទួលអំណោយនេះ គឺពួកគាត់បានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយពួកគាត់នៅតែក្នុងផ្ទះ ទើបអាជ្ញាធរមូលដ្ឋានមើលឃើញអំពីការខ្វះខាតរបស់ពួកគាត់ ក៏បាននាំយកស្បៀងអាហារមួយចំនួនផ្តល់ជូនដល់ពួកគាត់។

នាឱកាសនោះដែរ លោក អាំង សិរីពិសិដ្ឋ សូមឱ្យប្រជាពលរដ្ឋដែលមានការខ្វះខាត អាចទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ឬក៏ទាក់ទងទៅរដ្ឋបាលខណ្ឌចំការមន ឬក៏អាចទំនាក់ទំនងមកលោកផ្ទាល់ក៏បានដោយសារតែមានសប្បុរសជននានា បានផ្តល់ជំនួយ តាមរយៈលោកជាពិសេសគឺលោកស្រី កែ សួនសុភី ស សុខា។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា អំណោយដែលផ្តល់ដោយអង្គការ One2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបុរី ហើយនាំមកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ស្នាក់នៅបន្ទប់ជួលចំនួន៤ទីតាំង ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរួមមាន៖

* ទីតាំងទី១ ផ្លូវ១៣៥ ភូមិ១ ចំនួន ៣៦បន្ទប់
* ទីតាំងទី២ ផ្លូវ១០៥ ភូមិ១ ចំនួន ៤៤បន្ទប់
* និងទីតាំងទី៣ ផ្លូវ១០៥ ភូមិ១ ចំនួន៤៩បន្ទប់៕