(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន៣៩នាក់ថ្មីបន្ថែមទៀត កើតជំងឺកូវីដ១៩ នៅស្រុកបាធាយ, ស្រុកកងមាស និងស្រុកស្រីសន្ធរ ដែលសុទ្ធតែចេញពីចង្កោមរោងចក្រទាំងអស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ រស់នៅឃុំកងតាណឹង, ឃុំព្រែកកុយ, ឃុំស្ដៅ និងឃុំរកាអារ ស្រុកកងមាស, ឃុំប្រាំយ៉ាម, ឃុំមានជ័យ, ឃុំព្រែករំដេង និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ, ឃុំសំបូរ, ឃុំតាំងក្រាំង និងឃុំជាលា ស្រុកបាធាយ។ ក្នុងនោះរស់នៅស្រុកកងមាស ចំនួន២៤នាក់, ស្រុកបាធាយ ចំនួន៦នាក់, ស្រុកស្រីសន្ធ ចំនួន៨នាក់ និងម្នាក់ទៀតកុមារីអាយុ៤ឆ្នាំ ឆ្លងពីម្ដាយធ្វើការនៅរោងចក្រ 7NG។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា រដ្ឋបាលខេត្តបានដាក់ចេញវិធានការបន្ទាន់ សម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ ឃុំមួយចំនួនដែលពាក់ព័ន្ធករណីវិជ្ជមានជំងឺកូវីដ១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទៅសហគមន៍ផ្សេងទៀត ក្នុងនោះ៖

* ស្រុកកងមាស៖ ឃុំកងតាណឹង, ឃុំស្ដៅ និងឃុំរកាអារ និងភូមិគងជ័យ អន្លង់គគី ឃុំព្រែកកុយ
* ស្រុកបាធាយ៖ ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង, ភូមិចុង និងភូមិសង្កើប ឃុំសំបូរ, ភូមិតាំងក្រាំង ឃុំជាលា
* ស្រុកស្រីសន្ធរ៖ ឃុំប្រាំយ៉ាម (មាន៤ភូមិ), ភូមិសន្ទៃ ភូមិច្រស់ ឃុំព្រែកពោធិ៍ និងភូមិជ័យ ឃុំមានជ័យ។

រដ្ឋបាលខេត្ដកំពង់ថាម ក៏កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់់ព័្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាពយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន៕