(រតនគិរី)៖ សាច់ញាតិរបស់មន្ដ្រីយោធា ដែលបាញ់អ្នកយាមចំការម្នាក់ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកអះអាងថា រឿងហេតុនេះមិនមែនជារឿងគំនុំអ្វីនោះទេ ពោលផ្ដើមចេញពីជនរងគ្រោះដែលអ្នកយាមចំការ ប្រើប្រាស់ហិង្សា និងវាយកម្ទេចកញ្ចប់រថយន្ដរបស់ខ្មាន់កាំភ្លើងមុន។

លោកស្រី តែ ចិន ត្រូវជាប្រពន្ធរបស់មន្ដ្រីយោធានោះ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ នៅពេលកើតហេតុ គាត់ក៏នៅក្នុងរថយន្ដជាមួយប្ដីដែរ ហើយមុនឈានដល់ការផ្ទុះអាវុធ គឺផ្ដើមចេញពីជនរងគ្រោះកាន់ដេកទីបដេញវាយ និងជេរប្រមាថទៅលើប្ដីរបស់គាត់ ព្រមទាំងប្រើហិង្សាវាយបំបែកកញ្ចប់រថយន្ដ បណ្ដាលឲ្យប្ដីរបស់គាត់របួសដៃ ពេលនោះប្ដីរបស់គាត់ក៏សម្រេចចិត្តផ្ទុះអាវុធដើម្បីគំរាមជនរងគ្រោះ។

ប៉ុន្ដែជនរងគ្រោះមិនបានខ្លាចរអានោះទេ ពោលនៅតែស្រែកជេរគំរាមវាយសម្លាប់ប្ដីរបស់គាត់កាន់តែខ្លាំងបន្ថែមទៀត ទើបប្ដីគាត់សម្រេចចេញទៅលើជនរងគ្រោះតែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបរកែវ។

តាមរយៈកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ក៏បានបង្ហាញឲ្យដឹងដែរថា រថយន្ដរបស់ខ្មាន់កាំភ្លើងបានបើកចេញពីកន្លែងកើតហេតុហើយ ប៉ុន្ដែជនរងគ្រោះនៅតែបន្ដរត់ដេញតាម និងវាយបំបែកកញ្ចប់រថយន្ដថែមទៀត។ យ៉ាងណាមិញ ក្រោយផ្ទុះអាវុធខ្មាន់កាំភ្លើងមិនបានរត់គេចខ្លួននោះទេ ពោលគាត់បានបើករថយន្ដចូលទៅសារភាពនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ។

បន្ថែមពីនេះ សាច់ញាតិជនរងគ្រោះ បានឲ្យដឹងនៅកន្លែងធ្វើបុណ្យសពថា ពួកគាត់ទាំងពីរនាក់ គឺពុំដែលមានទំនាស់អ្វីជាមួយគ្នាកន្លងមកនោះទេ ហើយជនរងគ្រោះនេះប្រៀបបីដូចជាសមាជិកគ្រួសារដែលរស់នៅជាមួយគ្នាផងដែរ ហើយជនដៃដល់កន្លងមកក៏តែងទំនុកបំរុងឲ្យដី ឲ្យត្រាក់ទ័រភ្ជួររាស់ ដាំដំឡូងបានផលលក់យកលុយទុកខ្លួនឯង។ រីឯការចំណាយលើការធ្វើបុណ្យសពនេះ ក៏ខាងជនដៃដល់ជាអ្នកចំណាយទាំងស្រុងផងដែរ។

សូមជម្រាបថា ជនដៃដល់ជាមន្រ្តីយោធា ដែលបានបាញ់សម្លាប់កម្មករយាមចំការកៅស៊ូ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាម្ចាស់ចំការកៅស៊ូ រីឯជនរងគ្រោះជាអ្នកយាមចំការកៅស៊ូឲ្យខ្លួន។

សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុដែលឈានទៅដល់ការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់កម្មករយាមចំការកៅស៊ូនោះ មកពីជនរងគ្រោះកាន់ដែកបំពង់ទីបវាយលើរថយន្តរបស់ខ្លួនបណ្តាលឲ្យបែកកញ្ចក់ និងរបួសដៃខាងឆ្វេង ហើយបន្ទាប់ពីបាញ់រួច ជនដៃដល់ក៏បានបើករថយន្តមកសារភាព នៅអធិការដ្ឋាននគរបាលអូរយ៉ាដាវតែម្តង៕