(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើលិខិតថ្លែងអំណរគុណជូន ក្រុមអតីតនិស្សិត មហាវិទ្យាល័យវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច (RULE) ជំនាន់ទី៩ ឆ្នាំ១៩៩២-១៩៩៧ ដែលបានឧបត្ថម្ភថវិកា ចំនួន៣,៥៦៨ដុល្លារ ជូនដល់សាលារាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការជំងឺកូវីដ១៩ ក្នុងសហគមន៍។

លិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក ឃួង ស្រេង បានគូសបញ្ជាក់ថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសបានទាន់ពេលវេលា។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតជំងឺកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវ បានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់អភិបាលរាជធានីភ្នំពេញ៖