(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភនូវទឹកក្រូចចំនួន ៨០០កេស ពីក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា ដើម្បីជួបន្តយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកាកូឡា ដែលបានយកទឹកក្រូចចំនួន ៨០០កេសនេះ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ឱ្យបានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕