(ព្រៃវែង)៖ លោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងនគរបាល និងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពានរោង ចុះផ្សព្វផ្សាយព្រមទាំងបិទខិតប័ណ្ណ និងចែកខិតប័ណ្ណដល់ប្រជាពលរដ្ឋក្នុងស្រុកស្វាយអន្ទរ បន្ទាប់ពីទទួលសេចក្តីសម្រេចផ្អាកជាបណ្តោះអាសន្នចរាចរណ៍ចេញ ចូល ក្នុងភូមិសាស្រ្ត ភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ដោយក្នុងតំបន់នេះ បានពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» និងមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់។

លោក អ៊ុង ផាន បានឱ្យដឹងថា បានដឹកនាំកម្លាំង និងសហការជាមួយប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកម្លាំងប្រជាការពារ បានបែងចែកកម្លាំងជា៤ក្រុម ចុះផ្សព្វផ្សាយក្នុងភូមិសាស្ត្របិទខ្ទប់ផ្អាកបណ្តោះអាសន្ន ក្នុងការធ្វើចរាចរណ៍ចេញ-ចូល នៅក្នុងភូមិសាស្រ្ត ភូមិត្រពាំងធំ និងភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ បានចំនួន ៥១ខ្នងផ្ទះ។

ជាមួយគ្នានេះ អធិការនគរបាលស្រុកស្វាយអន្ទរ បានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ០៨៨ របស់ក្រសួងសុខាភិបាល ព្រមទាំងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចំនួន ២ភូមិ មានភូមិឆ្អឹងពស់ និងភូមិត្រពាំងធំ ដែលស្ថិតនៅក្នុងឃុំពានរោង ធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារឆ្លងជំងឺកូវីដ-១៩ ជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣ កុំ និង៣ការពារ»។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦នាក់ស្រី ២នាក់ នៅឃុំពានរោង ក្នុងនោះនៅភូមិត្រពាំងធំ ចំនួន១នាក់ ភូមិព្រៃជ្រាំង ចំនួន២នាក់ ភូមិឆ្អឹងពស់ចំនួន២នាក់ និងភូមិត្រពាំងស្ដៅចំនួន១នាក់ អ្នកវិជ្ជមានទាំងនេះ ជាអ្នកវិលត្រឡប់មកពីរាជធានីភ្នំពេញ៕