(ភ្នំពេញ)៖ ដោយសារវិធានការបិទខ្ទប់នៅតែបន្តអនុវត្តតាមតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា បានឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវទឹកពិសាភ្នំជប ២,០០០យួរ និងភេសជ្ជៈ (ទឹកក្រូច/ទឹកផ្លែឈើ) ២០០កេស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានទឹកពិសាភ្នំជប ចំនួន ១,០០០យួរ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។

លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ បានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតក្នុងការគាំទ្រនិងចូលរួមអនុវត្តនូវគ្រប់សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ តាមរយៈសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់រួមមានការឧបត្ថម្ភថវិកា ទឹកពិសា ភេសជ្ជៈ និងស្បៀងអាហារជាដើម ទៅកាន់អាជ្ញាធរមូលដ្ឋានថ្នាក់ខណ្ឌ-សង្កាត់ មន្ទីរពេទ្យ ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធដែលបានកំពុងប្រចាំការតាមគោលដៅក្នុងការអនុវត្តរាល់សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យប្រទេសកម្ពុជាវិលទៅរកស្ថានភាពប្រក្រតីឡើងវិញ ក្នុងពេកដ៏ឆាប់ខាងមុខនេះ។

លោកបានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋមេត្តាអត់ធ្មត់ និងសូមចូលរួមអនុវត្តទាំងអស់គ្នានូវ គ្រប់វិធានការដែលរាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងក្រសួងសុខាភិបាលបានដាក់ចេញជាបន្តបន្ទាប់ជាពិសេសវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត៕