(ភ្នំពេញ)៖ ក្នុងខែមេសា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើស ទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់រថយន្តដឹកលើសទម្ងន់ចំនួន ១៦១គ្រឿង និងពិន័យជាថវិកា បានជាង ២២០លានរៀល ដោយចំនួនដឹកល្មើសបានថយចុះ ៤៣% បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០២១កន្លងមក។

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅក្នុងខែ មេសា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៦១គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២២២,០០០,០០០រៀល ដែលមានការថយចុះតិចជាងចំនួន ១២២គ្រឿង ស្មើ ៤៣% បើធៀបនឹងទិន្នន័យខែមីនា ឆ្នាំ២០២១ កន្លងទៅមានចំនួន ២៨៣គ្រឿង។

ក្រសួងសាធារណការ ក៏សូមអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញ ផ្លូវជាតិនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
ទន្ទឹមនោះសូមម្ចាស់យានយន្តដឹកជញ្ជូន ទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នាផងដែរ៕