(ភ្នំពេញ)៖ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា បានឧបត្ថម្ភបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវទឹកពិសាភ្នំជប ២,០០០យួរ និងភេសជ្ជៈ (ទឹកក្រូច/ទឹកផ្លែឈើ) ២០០កេស និងឧបត្ថម្ភទឹកពិសាភ្នំដប ១,០០០យួរ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។

ការប្រគល់ទឹកបរិសុទ្ធ និងភេសជ្ជៈនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ។ លោកឧកញ៉ា និងលោកជំទាវ បានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតក្នុងការគាំទ្រ និងចូលរួមអនុវត្តនូវគ្រប់សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ តាមរយៈសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់រួមមានការឧបត្ថម្ភថវិកា ទឹកពិសា ភេសជ្ជៈ និងស្បៀងអាហារជាដើម។

ទឹកពិសា ភេសជ្ជៈ និងស្បៀងអាហារនេះ ត្រូវបានឧបត្ថម្ភទៅកាន់អាជ្ញាធរមូលដ្ឋានថ្នាក់ខណ្ឌ-សង្កាត់ មន្ទីរពេទ្យ ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធដែលបានកំពុងប្រចាំការតាមគោលដៅក្នុងការអនុវត្តរាល់សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យប្រទេសកម្ពុជាវិលទៅរកស្ថានភាពប្រក្រតីឡើងវិញក្នុងពេកដ៏ឆាប់ខាងមុខនេះ។

លោកឧកញ៉ា និងលោកជំទាវ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋមេត្តាអត់ធ្មត់ និងសូមចូលរួមអនុវត្តទាំងអស់គ្នា រាល់វិធានការដែលរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដីគ្រប់ លំដាប់ ថ្នាក់ និងក្រសួងសុខាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ជាពិសេសវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត៕