(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានផ្ញើសារចូលរួមមរណទុក្ខចំពោះមរណភាពរបស់ លោក ទូនី រ៉សេត អនុប្រធានគណៈចលនាសាសនិកឥស្លាម និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ។

គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃរបស់ លោក ទូនី រ៉ូសេត ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងបន្សល់ទុកនូវស្នាដៃល្អៗជាច្រើន ក្នុងការចូលរួមបម្រើ ឧត្តមប្រយោជន៍សហគមន៍ខ្មែរឥស្លាម ក៏ដូចជាសង្គម ជាតិទាំងមូល និងផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ។

មរណភាពនេះគឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកប ដោយព្រហ្មវិហារធម៌ ចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ ព្រមទាំងចំពោះមិត្តភក្តិ និងសហសេវិករួមការងារដែលលោក ទូនី រ៉សេត តែងតែមានសមានចិត្តជាមួយដោយមិនមានការរើសអើង។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមទូអាបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទាន នូវសេចក្តីសណ្តោសប្រោសប្រណី អភ័យទោស និងទទួលយកនូវរាល់កុសលផលបុណ្យទាំងឡាយដែល លោក ទូនី រ៉សេត បានសាងកន្លងមកព្រមទាំងប្រទាននូវឋានសួគ៌ជូនដល់លោកកុំបីខាន៕