(ភ្នំពេញ)៖ បន្ថែមពីលើការបរិច្ចាគនៅតាមតំបន់បិទខ្ទប់ប្រមាណ១០០ទីតាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៣០០កេស និងទឹកក្រូច អាយស៍ ១០០កេស ទៀតជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សម្រាប់កងកម្លាំងនគរបាល ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខេត្តកណ្តាល ប្រើប្រាស់តាមតម្រូវការ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នៅក្នុងស្ថានភាពដ៏តានតឹងនេះ ការរួបរួមសាមគ្គីដោយចេះជួយគ្នាទៅវិញទៅមក គឺមានសារសំខាន់ណាស់ ដើម្បីគាំទ្រដល់ទ័ពជួរមុខរបស់យើង ដែលកំពុងបំពេញបេសកកម្មទប់ស្កាត់វីរុសកូវីដ-១៩ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា»

គួរបញ្ជាក់ផងដែរថា តាមរយៈយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈអស់រាប់ពាន់កេសជូនដល់កងកម្លាំង ដែលកំពុងបំពេញតួនាទីនៅតាមគោលដៅបិទខ្ទប់សរុបជិត១០០ទីតាំង នៅភូមិសាស្ត្រដែលស្ថិតក្នុង និងជាយរាជធានីភ្នំពេញ៕