(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងសមាគមកាត់ដេរនៅកម្ពុជា (GMAC) ក៏ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) បានអំពាវនាវទៅកាន់ក្រុមហ៊ុនបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលបានបញ្ជាទិញផលិតផលពីកម្ពុជារួចហើយនោះ សូមមានការយោគយល់ចំពោះការយឺតយ៉ាវក្នុងការផ្គត់ផ្គង់ផលិតផល ពីព្រោះកម្ពុជាកំពុងរងនូវការរាតត្បាតធ្ងន់ធ្ងរពីជំងឺកូវីដ-១៩។

នេះជាការលើកឡើងរបស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ ដែលបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រោមការរៀបចំរបស់គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

លោក ហេង សួរ បានឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការជាមួយភាគីពាក់ព័ន្ធ មានទាំងសហជីព ម្ចាស់រោងចក្រ ក៏ដូចជាដៃគូអភិវឌ្ឍន៍ដទៃទៀត ដូចជា អង្គការ ILO គម្រោងអភិវឌ្ឍន៍ BFC ដើម្បីអំពាវនាវដល់ម្ចាស់ម៉ាកផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលបានបញ្ជាទិញផលិតផលពីកម្ពុជានាពេលកន្លងមកនោះ សូមមានការយោគយល់ចំពោះការយឺតយ៉ាវនេះផង ពីព្រោះតែប្រទេសកម្ពុជាកំពុងរងនូវការរាតត្បាតធ្ងន់ធ្ងរពីជំងឺកូវីដ-១៩។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់ម្ចាស់ម៉ាកផលិតទាំងនោះ កុំផាកពិន័យមកលើម្ចាស់រោងចក្រនៅកម្ពុជា ពិសេសសូមកុំបង្វែរការបញ្ជាទិញផលិតផលទៅប្រទេសដទៃ។

លោក ហេង សួរ បានបញ្ជាក់ថា «កម្ពុជាបានប្ដេជ្ញាថានឹងអនុវត្តឱ្យបានល្អឡើងវិញ ពោលទាំងរាជរដ្ឋាភិបាល និយោជក កម្មករនិយោជិត នឹងខិតខំដើម្បីគោរពនូវវិធានសុខាភិបាល និងវិធានការរដ្ឋបាល ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាឱ្យបានជាអតិបរមា ដើម្បីចាប់ផ្ដើមនូវខ្សែចង្វាក់ផលិតកម្មឡើងវិញ ដើម្បីស្ដារលទ្ធភាពផ្គត់ផ្គង់ជូនម្ចាស់ម៉ាកទៅតាមពេលវេលា»

បើតាមលោក ហេង សួរ នៅអំលុងពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ បានបង្កផលប៉ះពាល់ដល់រោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ សរុបជាង ៦៩០រោងចក្រ។ ម្យ៉ាងវិញទៀត គិតមកដល់ថ្ងៃទី១៨ ខែមេសានេះ មានរោងចក្រចំនួន២០៦ រោងចក្រហើយ ដែលមានកម្មករ និយោជិតឆ្លងជំងឺកូវីដ-១៩។ ប្រការនេះ បណ្ដាលឱ្យមានការផ្អាកខ្សែចង្វាក់ផលិតកម្មទាំងស្រុងក្នុងរោងចក្រទាំងនោះ៕