(ភ្នំពេញ)៖ អំលុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មានកម្មករ និយោជិត ២ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន២០៦ បានឆ្លងជំងឺកូវីដ-១៩ ខណៈជាង ១៧,០០០នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្នុងចំណោមរោងចក្រ សហគ្រាសចំនួន២០៦នេះ មាននៅក្នុងរាជធានីភ្នំពេញ ១៣៤រោងចក្រ, ខេត្តកណ្ដាល មាន ២៣រោងចក្រ, ខេត្តតាកែវមាន ២៦រោងចក្រ, ខេត្តព្រះសីហនុមាន ១៦រោងចក្រ, ខេត្តស្វាយរៀងមាន ៤រោងចក្រ ខេត្តកំពង់ឆ្នាំងមាន ១រោងចក្រ និងខេត្តកំពង់ចាមមាន ១រោងចក្រ។

អ្នកនាំពាក្យរូបនេះបានថ្លែងយ៉ាងដូច្នេះថា «កម្មករដែលមានវិជ្ជមានជំងឺកូវីដ-១៩ មានចំនួនសរុប ១,៦៧៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមាន ១,៥៩៨នាក់។ រីឯកម្មករនិយោជិតដែលធ្វើចត្តាឡីស័កមានជាង ១៧,០០០នាក់។ ប៉ុន្តែចំនួននេះ អាចនឹងមានការកើនឡើង ឬប្រែប្រួលបន្តទៀត ពីព្រោះពេលនេះ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងធ្វើតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងស្វែងរកអ្នកដែលប៉ះពាល់ផ្ទាល់បន្ថែមទៀត»

នៅអំលុងពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ បានបង្កផលប៉ះពាល់ដល់រោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរសរុបជាង ៦៩០ រោងចក្រ និងប៉ះពាល់ដល់ក្រុមហ៊ុនតូចធំដទៃទៀតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ សរុបជាង ៧,០០០ទីតាំងទៀត។ ការទទួលរងផលប៉ះពាល់នេះ ក៏បានបង្កឱ្យមានផលប៉ះពាល់ដល់បុគ្គលិក និងកម្មករនិយោជិត សរុបជាង ១,២០០,០០០នាក់ផងដែរ។

ទន្ទឹមនឹងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ក្រសួងការងារបានតម្រូវឱ្យម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួល៥០ នៃប្រាក់ឈ្នួលខែមេសា ជូនកម្មករនិយោជិតរបស់ខ្លួន និងគួរតែមានការឧបត្ថម្ភបន្ថែមដល់ពួកគាត់ទៀតផងដែរ។

លោក ហេង សួរ បញ្ជាក់បន្ថែមថា ក្រៅពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនដល់កម្មករនិយោជិតនោះ ក្រសួងការងារក៏បានពិភាក្សាជាមួយសមាគមផលិតស្បែកជើង សមាគមកាត់ដេរនៅកម្ពុជា (GMAC) ក៏ដូចជាសហព័ន្ធនិយោជក ដើម្បីស្នើឱ្យនិយោជកពិចារណាក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតរបស់ខ្លួន ក្រោមស្មារតីមនុស្សធម៌ សាមគ្គីភាព និងទំនួលខុសត្រូវសង្គម។

រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះបានបញ្ជាក់ថា សម្រាប់តម្រូវការរបស់កម្មករ និយោជិតក្នុងពេលបិទខ្ទប់នេះ គឺប្រាក់ឈ្នួល ៥០ភាគរយនៃប្រាក់ឈ្នួលក្នុងខែមេសានេះ។

ជាមួយគ្នានោះ លោក ហេង សួរ បានឱ្យដឹងដែរថា ក្រសួងការងារបានចូលរួមជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការសម្របសម្រួលការចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតនៅតាមរោងចក្រ-សហគ្រាសនានា ក្នុងនោះដូសទី១ បានចាក់ជូនកម្មការនិយោជិត ១១០,០០០នាក់ និងដូសទី២ ចាក់បានជាង ១០,០០០នាក់ (ដូសទី២ ទើបតែចាក់បានបីថ្ងៃ)។

លោកបន្តទៀតថា ក្រោយពេលរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ កំណត់អំពីតំបន់ពណ៌ក្រហម ពណ៌លឿងទុំ និងពណ៌លឿន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរួចមកនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានគិតគូរអំពីការសម្របសម្រួលចេញប័ណ្ណអនុញ្ញាតជូនកម្មករនិយោជិត ដើម្បីឱ្យពួកគេអាចប្រើប្រាស់ក្នុងការចេញពីផ្ទះទៅមកកន្លែងធ្វើការ ក្នុងតំបន់ណាដែលអាជ្ញាធរអនុញ្ញាតឱ្យមានការបើកដំណើរការរោងចក្រ-សហគ្រាសឡើងវិញ។

លោកបន្ថែមថា ក្រោយការកំណត់តំបន់ពណ៌ទាំងបីខាងលើនេះហើយ រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ប្រមាណជាង ៦០ទីតាំង នៅរាជធានីភ្នំពេញ អាចបើកដំណើរការឡើងវិញបាន ក្នុងនោះកម្មករនិយោជិតប្រមាណ ១៨ ម៉ឺននាក់ ក៏អាចចូលធ្វើការវិញបានដែរ។

អ្នកនាំពាក្យ ហេង សួរ បានបន្ថែមទៀតថា ក្រសួងការងារនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ពិសេសក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ដើម្បីសម្របសម្រួលការចាក់វ៉ាក់សាំងជូនកម្មករនិយោជិតដែលរស់នៅ-ស្នាក់នៅក្នុងតំបន់ក្រហម ក៏ដូចជាទីតាំងដែលងាយរងគ្រោះ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕