(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា «វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះបើមិនចាំបាច់ចេញក្រៅនេះ» ជាអាវុធដ៏ស័ក្តសិទ្ធ សម្រាប់យកឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។

ថ្លែងតាមបណ្តាញសង្គម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ក្នុងបរិបទនៃការវាយលុក របស់វីរុសកូវីដ-១៩នេះដែរ អ្នកឈឺ កើតទុក្ខ អ្នកស្លាប់ បាត់មុខ និងអ្នកជា ត្រេកអរ ជាគ្នានោះដែរតែសម្រាប់បុគ្គលគ្រប់រូប គឺសភាពមួយណាក៏មិនចង់ជួបដែរ ហើយអ្វីដែលក្រសួងសុខាភិបាលចង់បានវិញនោះ គឺមិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។

ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក សូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ និងសូមអរគុណនូវរាល់ការអនុវត្តន៍វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ១៩ + នៅផ្ទះបើមិនចាំចាប់ចេញក្រៅនេះ ដើម្បីចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា៕