(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានណែនាំដល់មន្ត្រីប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន សូមមានការអត់ធ្មត់ សូមកុំចេញពីផ្ទះបើមិនមានការចាំបាច់ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយឡើយ ក្នុងករណីមានការចាំបាច់ត្រូវចេញមកខាងក្រៅ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ ក៏បានណែនាំដល់មន្ត្រីកំពុងប្រចាំការនៅមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបន្តណែនាំផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីរាលដាលនៅទូទាំងប្រទេសកម្ពុជា។

ការណែនាំបែបនេះ របស់លោកបណ្ឌិត ម៉ៅ ភិរុណ បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភជូនមណ្ឌលសកម្មភាពប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។

ទន្ទឹមនឹងសារនេះដែរ លោក ង៉ោសុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់កំពងសំណាញ់ ក៏បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល ឬជែល នៅពេលដែលបងប្អូនបានចាប់ ឬកាន់នូវរបស់អ្វីមួយ ដើម្បីបញ្ចៀសនូវការចម្លងមេរោគពីអ្នកដទៃ មកលើខ្លួនយើង ពិសេសជាងនេះទៅទៀត សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ឱ្យបានឆាប់ៗ នាពេលខាងមុខផងដែរ។

គួរជម្រាបថា អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភដល់មណ្ឌលសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសង្កាត់កំពង់សំណាញ់ទាំង១៥ មណ្ឌល ដោយក្នុងមួយមណ្ឌលទទួលបានអង្ករ ៥០គីឡូក្រាម មី២កេស ម៉ាស២ប្រអប់ ជែលសម្លាប់មេរោគចំនួន ១០ដបតូច ពងទាចំនួន ៥០គ្រាប់ និងថវិកាចំនួន១០ម៉ឺនរៀល៕