(ភ្នំពេញ)៖ ដោយក្ដីបារម្ភពីសុខទុក្ខរបស់កងកម្លាំង និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងភរិយា លោកស្រី ហេង សុខា បានចាត់ឱ្យក្រុមការងារប្រចាំការតាមតំបន់ក្នុងភូមិសាស្រ្តរាជធានី-ខេត្ត បើកយុទ្ធនាការចែកទឹកបរិសុទ្ធព្រីងធម្មជាតិប្រូវីដា និងទឹកពិសាភ្នំជប ជូនអាជ្ញាធរ និងកងកម្លាំងដែលកំពុងប្រចាំការនៅគោលដៅនានា។

ទឹកបរិសុទ្ធនេះ ត្រូវបានចែកជូនគោលដៅចំនួន៣១ ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤រួមមាន៖ ខេត្តកំពត កំពង់ចាម សៀមរាប និងខេត្តព្រះសីហនុ។ លោកឧកញ៉ា អ៉ឹង ប៊ុនហូវ និងលោកស្រី បានចាត់ទុកយុទ្ធនាការចែកទឹកបរិសុទ្ធនេះថា ជាសកម្មភាពចូលរួមលើកទឹកចិត្ត និងសហការរវាងកងកម្លាំងជួរក្រោយ និងកងកម្លាំងជួរមុខដែលកំពុងប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ-១៩។

បច្ចុប្បន្ន ក្រុមការងារកំពុងបន្តចែកជូនតាមគោលដៅផ្សេងទៀត ទៅតាមលទ្ធភាពជាក់ស្ដែង។ លោកឧកញ៉ា និងភរិយា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងជំងឺកូវីដ៕