(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវឲ្យនិយោជកក្នុងវិស័យកាត់ដេរ ចូលរួមជំរុញឲ្យ មានការកែសម្រួលសេចក្តីព្រាងច្បាប់សហជីព ដែលកំពុងស្ថិតនៅក្នុងដៃរបស់រដ្ឋសភានោះ។ GMAC ចង់ឲ្យមានការប្រែនូវមាត្រា  ១០, ១៩ និង ២០ នៃសេចក្តីព្រាងច្បាប់សហជីពនេះ។

ការអំពាវនាវរបស់ GMAC បានធ្វើឡើងនៅគ្រាដែលរដ្ឋសភាគ្រោងនឹងបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី  សហជីព នៅថ្ងៃទី០៩ ខែមីនា ស្អែកនេះ នៅវិមានសន្តិភាព ដោយរំពឹងថា នឹងមានការចូលរួមពីតំណាងមកពីរាជរដ្ឋាភិបាល ដៃគូអភិ វឌ្ឍន៍ សមាគម  និងថ្នាក់ដឹកនាំសហជីពផងដែរ។ នៅមុនកិច្ចពិភាក្សានេះចាប់ផ្ដើម GMAC បន្តជំរុញឲ្យពិចារណាលើទិដ្ឋភាពជាក់ ស្ដែងក្នុងដំណើរការបង្កើតច្បាប់មួយនេះ ដើម្បីធានាថា ច្បាប់នេះផ្ដល់ផលប្រយោជន៍ដល់ទាំងកម្មករ-និយោជិត និង និយោជកនៅ ក្នុងវិស័យឧស្សាហកម្មដ៏ធំបំផុតរបស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GMAC នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា GMAC និង សមាគមពាណិជ្ជ កម្មកម្ពុជា (CAMFEBA) នៅជំរុញឲ្យមានការកែសម្រួលទៅលើមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់សហជីព ដែលចែងពីលក្ខ  ខណ្ឌក្នុងការបង្កើតសហជីព ប្រភពថវិកា និងដំណើរការរបស់សហជីព។ ការកែសម្រួលដ៏សំខាន់ដែល GMAC និង CAMFEBA  ចង់ឲ្យមាននោះ គឺនៅមាត្រា១០ ដែលកំណត់ពីការបង្កើតសហជីព ដែលត្រង់មាត្រានេះ បានចែងថា សហជីពមូលដ្ឋានមួយ ត្រូវបាន បង្កើតឡើងដោយកម្មករ-និយោជិត នៅក្នុងសហគ្រាស ឬ គ្រឹះស្ថានមូលដ្ឋាននោះចំនួនត្រឹមតែ ១០នាក់។

ឆ្លើយតបនឹងការកំណត់ក្នុងមាត្រានេះ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ថ្លែងថា «សម្រាប់កន្លែង ធ្វើការមួយកន្លែង ដូចជារោងចក្រកាត់ដេរជាដើម ដែលមានកម្មករ-និយោជិតរាប់ពាន់នាក់ អ្នកអាចនឹងមើលឃើញសហជីពរាប់សិប ត្រូវបានបង្កើតឡើង ដូច្នេះវានឹងបង្កជាភាពរញ៉េរញ៉ៃ ហើយប្រហែលជាមិនអាចតម្កល់ផលប្រយោជន៍ជាធំសម្រាប់កម្មករ-និយោជិត ទាំងអស់ក្នុងរោងចក្របានឡើយ»

លោក ខេន លូ បានស្នើថា ដើម្បីបង្កើតសហជីពមួយបាន លុះត្រាតែមានកម្មករ-និយោជិតចំនួន ២០% នៃកម្លាំងពលកម្មសរុបក្នុង សហគ្រាសមួយៗ ដើម្បីធានាថា កម្មករមានតំណាងត្រឹមត្រូវ ហើយនិយោជក អាចជួបចរចាជាមួយនឹងតំណាងដែលពិតប្រាកដ។

GMAC ក៏ជំរុញឲ្យមានការកែសម្រួលលើមាត្រា១៩ ក្នុងសេចក្តីព្រាងច្បាប់នេះផងដែរ ដែលមាត្រានេះចែងថា មានតែតុលាការការ ងារប៉ុណ្ណោះ ដែលអាចព្យួរបញ្ជិការសហជីពមិនឲ្យប្រតិបត្តិការ ប្រសិនបើសហជីពត្រូវបានរកឃើញថា បានអនុវត្តការងារដោយ រំលោភលើច្បាប់។

មាត្រានេះ ត្រូវបានលោក ខេន លូ បង្ហាញក្តីព្រួយបារម្ភថា «យើងមានក្តីព្រួយបារម្ភថា ដំណើរការ នៃនីតិវិធីតុលាការនៅកម្ពុជាចំ  ណាយពេលវេលាយូរ ជាពិសេសនៅពេលតុលាការ មានបន្ទុកការងារច្រើន ជាហេតុនាំឲ្យសហជីពដែលមិនគោរពច្បាប់នោះនៅបន្ត សុពលភាពរបស់ខ្លួន ក្នុងអំឡុងពេលរង់ចាំការសេចក្តីសម្រេចពីតុលាការ។ ប្រាកដណាស់ ករណីនេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ឧស្សាហកម្ម ទាំងមូល ដូច្នេះយើងចង់ឲ្យច្បាប់នេះផ្ដល់អំណាចដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចសម្រេចព្យួរ បញ្ជិការរបស់សហជីពដែលបានអនុវត្តដោយរំលោភលើច្បាប់»

មិនត្រឹមតែមាត្រា១០ និង ១៩នោះទេ មាត្រា២០ នៃសេចក្តីព្រាងច្បាប់នេះ ក៏បង្កក្តីព្រួយបារម្ភសម្រាប់និយោជកផងដែរ ដោយសារ តែ ច្បាប់នេះបានកំណត់លក្ខណៈសម្បត្តិ ក្នុងកម្រិតទាបពេក សម្រាប់មេដឹកនាំសហជីពដែលត្រូវកាន់តួនាទីគ្រប់គ្រង ក្នុងសហជីពមួ យៗផងដែរ។ នេះបើតាមការបញ្ជាក់របស់ GMAC នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

សូមបញ្ជាក់សេចក្តីព្រាងច្បាប់របស់សហជីព ដែលកំពុងស្ថិតនៅក្នុងដៃរដ្ឋសភានេះ មិនត្រឹមតែខាងភាគីរោងចក្រនោះទេ ដែល បង្ហាញការប្រតិកម្ម ភាគីខាងសហជីព ក៏បានបង្ហាញការប្រតិកម្មទៅលើមាត្រាមួយចំនួនផងដែរ ហើយពួកគេបានស្នើរដ្ឋសភាពិនិត្យ ឲ្យបានល្អិតល្អន់ មុននឹងអនុម័ត៕