(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន ៥០កេស ទឹកក្រូចអាយស៍ចំនួន ២០កេស និងភេសជ្ជៈប៉ូវកម្លាំងវើកចំនួន ១០ កេស ជូនដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល ដើម្បីសម្រាលការលំបាក និងចំណាយរបស់ក្រុមគ្រូពេទ្យដែលកំពុងមមាញឹកក្នុងការទប់ស្តាត់ការរាលដាលនៃជំងឺកូវីដ-១៩។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ខ្មែរ ប៊ែវើរីជីស ឲ្យដឹងថា ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់ស្ថាប័ននានា ជាពិសេសក្រុមគ្រូពេទ្យដែលជាកងទ័ពជួរមុខមានតួនាទីសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺឆ្លងនាពេលនេះ។

វេជ្ជបណ្ឌិត ចាន់ ឈីវណាង តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ឲ្យដឹងថា នេះគឺជាលើកទីមួយហើយដែលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ទទួលបានការឧបត្ថម្ភជាទឹកបរិសុទ្ធ និងភេសជ្ជៈទ្រង់ទ្រាយធំបែបនេះ ដែលនឹងជួយផ្តល់ជាកម្លាំងចិត្តបន្ថែមទៀតដល់ក្រុមគ្រូពេទ្យទាំងអស់ដើម្បីខិតខំប្រឹងប្រែងបន្តទៅទៀតក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ៕