(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ដល់ក្រុម Orange Esports សម្រាប់ឱកាស ក្នុងការចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League។

កាលពីសប្តាហ៍កន្លងទៅនេះ ក្រុម Orange Esports របស់ក្រុមហ៊ុនសែលកាត បានចូលរួមប្រកួតនៅក្នុងកម្មវិធី PUBG Mobile Club Open ដោយទទួលបាននូវចំណាត់ ថ្នាក់លេខ២ ដែលជាលទ្ធផលដ៏គាប់ប្រសើរបំផុតមួយ។

នេះមានន័យថា ពួកគេនឹងអាចបន្ត ចូលរួមការប្រកួត ដោយធ្វើជាតំណាងឲ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League ដែលនឹងប្រព្រឹត្តិ ទៅនាពេលខាងមុខ ក្នុងឆ្នាំនេះ។

PUBG Mobile Club Open គឺជាព្រឹត្តិការណ៍ប្រកួតហ្គេម ដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ដោយក្នុងនោះ មានក្រុមកីឡាករមកពីតំបន់ចំនួន២៧ នៅទូទាំងពិភពលោក ធ្វើការប្រកួតប្រជែងគ្នា ដើម្បីមានឱកាសទៅប្រកួតបន្តនៅក្នុងវគ្គ Pro Leagues។

The Club Open គឺជាកម្មវិធីប្រកួតមួយ ដែលមានការចូលរួម ទៅដោយកីឡាករហ្គេមឆ្នើមៗ រួមមានកីឡាករហ្គេមចំណូលថ្មី កីឡាករអាជីព និងកីឡាករពាក់កណ្តាលអាជីព មកពីជុំវិញពិភពលោក ដែលនឹងធ្វើការប្រកួតប្រជែងគ្នា នៅក្នុងវគ្គ Spring និង Fall។

ក្រុម Orange Esports ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង៨ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ ដោយឈរនៅបន្ទាប់ពីក្រុម Demigod Incognito របស់ប្រទេសហ្វីលីពីន នៅក្នុងកម្មវិធី PUBG Mobile Club Open កាលពីសប្តាហ៍កន្លងទៅនេះ។

ការប្រកួតនេះ គឺជាកម្មវិធីប្រកួតពិសេសក្នុងតំបន់ ដែលមាន៨ក្រុម មកពីប្រទេសកម្ពុជា និង៨ក្រុមទៀត មកពីប្រទេសហ្វីលីពីន ប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយក ឱកាសទៅចូលរួមនៅក្នុងកម្មវិធី Pro League។ ក្រុមដែលឈរនៅចំណាត់ថ្នាក់ បន្ទាប់ដែលជាលំដាប់ទីបី គឺជាក្រុម JM Yellow របស់កម្ពុជា។

ក្រុម Orange Esports របស់សែលកាត បានទទួលនូវប្រាក់រង្វាន់ចំនួន២០០០ដុល្លារ ក្នុងចំណោមប្រាក់រង្វាន់សរុបចំនួន១៨.០០០ដុល្លារ សម្រាប់បែងចែក នៅក្នុងកម្មវិធីប្រកួត។ ពួកគេពិតជាសម្រេចបាននូវសមិទ្ធផលដ៏គាប់ប្រសើរបំផុត!

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា «យើងពិតជាមានមោទនភាពបំផុត ដែលក្រុម Orange Esports មានឱកាសបានចូលរួមប្រកួតប្រជែងនៅក្នុងជុំ Southeast Asia Wildcard របស់ព្រឹត្តិការណ៍ PUBG Mobile Pro League»។

លោក អៀន វ៉ាតសុន បានបន្ថែមទៀតថា សមិទ្ធផលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយយុវជនខ្មែរ ឲ្យសម្រេចបាននូវក្តីសុបិនរបស់ពួកគេ។

លោកថា យុវជនដែលពោរពេញ ដោយសមត្ថភាពខ្ពស់ទាំងនេះ នឹងបន្តធ្វើជាតំណាងឲ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាណែនាំកម្ពុជា ឲ្យពិភពលោក ទាំងមូលបានស្គាល់កាន់តែច្បាស់។ នេះជាដំណឹងដ៏អស្ចារ្យបំផុតមួយ សម្រាប់វិស័យហ្គេមនៅក្នុងប្រទេសកម្ពុជា! ពួកយើងពិតជាមានមោទនភាពយ៉ាងក្រៃលេងបំផុត។

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់ នៅក្នុងប្រទេសកម្ពុជា សែលកាតតែងចូលរួមគាំទ្រជានិច្ច ក្នុងការជួយសម្រេចឲ្យបាននូវក្តីសុបិន្តរបស់យុវជនខ្មែរ។

តាមរយៈការជួយឧបត្ថម្ភដល់ក្រុម Orange Esports ក្រុមហ៊ុនសែលកាតចង់បង្ហាញឲ្យឃើញច្បាស់ថា យុវជននៅក្នុងប្រទេសកម្ពុជា ពិតជាអាចសម្រេចបាន នូវក្តីសុបិន្តរបស់ពួកគេ ក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Pro League៕