(ភ្នំពេញ)៖ ទន្ទឹមនឹងការបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញពីលំនៅឋាន ដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩នោះ ការងារផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋក៏ជាកិច្ចការអាទិភាព ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ដោយសារតែជំងឺកូវីដ១៩ ជាជំងឺមួយដែលងាយនឹងឆ្លង ហើយការចម្លងមានសភាពស្រួចស្រាវនោះ ដូច្នេះការងារចែកអំណោយជូនប្រជាពលរដ្ឋ ក៏ត្រូវជួបការលំបាកផងដែរ។ ពាក់ព័ន្ធការចែកអំណោយនេះ ក៏មានការចន្លោះប្រហោង និងមានការយឺតយ៉ាវនៅតំបន់មួយចំនួន នាំឱ្យមានការថ្នាំងថ្នាក់ និងរិះគន់ពីប្រជាពលរដ្ឋមួយចំនួន ដែលកំពុងជាប់នៅក្នុងផ្ទះ។

តបនឹងបញ្ហាថ្នាំងថ្នាក់នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានអះអាងថា ក្នុងរយៈពេលមួយខ្លី អាជ្ញាធរមិនអាចរៀបចំទាន់ពេលវេលា ក្នុងការបញ្ជូនឲ្យដល់ដៃប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារភ្លាមៗនោះឡើយ ដោយសារចែកស្បៀងអាហារប្រឈមនឹងផលលំបាកមួយចំនួន។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបន្ដបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន បានគូសបញ្ជាក់ថា អាជ្ញាធរប្រឈមនឹងគ្រោះថ្នាក់ណាស់ នៅពេលចុះទៅតំបន់ក្រហម ដើម្បីចែកអំណោយដូច្នេះការងារនេះ មិនមែនជារឿងសាមញ្ញពេកនោះទេ។

លោក នួន ផារ័ត្ន បានថ្លែងយ៉ាងដូច្នេះថា «អាជ្ញាធរដែលចុះទៅធ្វើការងារនេះ ត្រូវតែប្រុងប្រយ័ត្នខ្ពស់។ បើមិនដូច្នេះទេ គឺនឹងអាចឆ្លងជំងឺកូវីដ១៩ ព្រោះកន្លងទៅមានករណីខ្លះ ពេលកំពុងចែកអំណោយស្រាប់តែឡានពេទ្យ មកដឹកយកអ្នកវិជ្ជមានចេញពីផ្ទះអ្នកដែលទទួលអំណោយ [...]។ ការងារអំណោយនេះ ត្រូវចែកឲ្យចំគោលដៅ ធ្វើឲ្យមានតម្លាភាព លឿន និងធានាបាននូវសុវត្ថិភាពថែមទៀតផង»

បើតាមលោកអភិបាលរងរាជធានីភ្នំពេញរូបនេះ បានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានចែកអំណោយដល់ក្រុមគ្រួសារមានជីវភាពខ្វះខាត បានជាង ១០ម៉ឺនកញ្ចប់ ហើយផ្ដល់អាទិភាពខ្ពស់បំផុតនៅតំបន់ក្រហម ព្រោះប្រជាពលរដ្ឋមិនអាចសូម្បីតែចេញក្រៅផ្ទះ។

«អំណោយដែលចែកនាពេលកន្លងមក អាចមិនទាន់ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារនោះទេ ប៉ុន្ដែអាជ្ញាធររាជធានីភ្នំពេញ ក៏បានបង្កើតជាយន្ដការផ្សេងៗ ដើម្បីទទួលព័ត៌មានជុំវិញការខ្វះខាតស្បៀងអាហារនេះផងដែរ»។ នេះជាការបញ្ជាក់របស់លោក នួន ផារ័ត្ន។

លោក នួន ផារ័ត្ន ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ក៏អំពាវនាវសុំនូវការយោគយល់ពីប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានអំណោយនោះទេ ព្រោះអាជ្ញាធរត្រូវបានប្រើប្រាស់ពេលវេលាដើម្បីធ្វើការចែកអំណោយ មិនមានអាជ្ញាធរមានចេតនាភ្លេចបងប្អូនដែលខ្វះខាតនោះទេ។ លោកថាអាជ្ញាធរមិនអាចចែកច្រើន ក្នុងពេលព្រមគ្នាបាននោះទេ ពោលត្រូវរក្សាគម្លាតសុវត្ថិភាព និងមិនឲ្យមានការប្រមូលផ្ដុំច្រើននោះដែរ។

ព្រោះតែតែបញ្ហាដូច្នេះហើយ ទើបនៅពេលនេះ អាជ្ញាធរបានប្រើប្រាស់យន្ដការចែកទៅដល់ខ្នងផ្ទះ និងមុខបន្ទប់ជួលតែម្ដង ដើម្បីកុំឲ្យមានការប្រមូលផ្ដុំមនុស្សច្រើន។ នេះបើតាមការបញ្ជាក់របស់លោក នួន ផារ័ត្ន។

លោកអភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះ «ចុងក្រោយនេះ មានការចូលរួមពីបងប្អូនកងទ័ព ដែលគាត់បានដឹកនូវអំណោយស្បៀងនេះ ហើយដាក់ជូននៅមុខផ្ទះបងប្អូន ដែលកំពុងជាប់នៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់ក្រហម ដែលជាការជួយមួយផ្នែកធំផងដែរ»

លោកបន្តថា «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដឹងច្បាស់អំពីការងារនេះ ព្រោះនៅពេលបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ អំណោយសង្គ្រោះបឋមនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលសម្ដេចបានណែនាំឲ្យមន្ដ្រី អាជ្ញាធរមូលដ្ឋានត្រូវចែកឲ្យលឿន និងចំគោលដៅ»

បើតាមលោក នួន ផារ័ត្ន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ១០២,៦៧៣កញ្ចប់។ ដោយឡែកសម្រាប់ពេញមួយថ្ងៃទី២៧ ខែមេសា អាជ្ញាធរបានចែកជូនប្រជាពលរដ្ឋ ជាង ១៧,៣៥០កញ្ចប់ ក្នុងនោះខណ្ឌពីរដែលមានអាទិភាព គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ៕