(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធស្វែងយល់ពីវឌ្ឍនភាព និងជំរុញការដំណើរសាងសង់ស្ពានមួយកន្លែង ហៅថា(ស្ពានត្រើយកោះ) ឆ្លងកាត់ដៃព្រែកកំពត តភ្ជាប់រវាងសង្កាត់ត្រើយកោះ និងសង្កាត់អណ្ដូងខ្មែរ ក្នុងក្រុងកំពត ខេត្តកំពត។

លោក ជាវ តាយ បានថ្លែងថា ស្ពានត្រើយកោះដែលកំពុងធ្វើការស្ថាបនានេះ គឺជាស្ពានដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់។ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្រផ្សេងៗ ក៏ដូចជាការដឹកជញ្ជូនដី និងគ្រឿងសំណង់ កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននេះផងដែរ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកំពុងធ្វើចរាចរយ៉ាងសកម្ម លើស្ពានដែកបាឡេចាស់ដែលបានកសាងឡើងក្នុងឆ្នាំ២០០០ កន្លងទៅ។ ប៉ុន្តែស្ពាននេះមានសភាពទ្រុឌទ្រមបាក់បែកធ្លុះធ្លាយលើផ្ទៃស្ពានដែលបណ្ដាលឱ្យពិបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាង ពិសេសស្ពានផ្លូវ ភ្លើងអគ្គិសនី ទឹកស្អាតប្រើប្រាស់ និងធនធានមនុស្ស គឺជាកម្មវិធីក្នុងគោលនយោបាយយុទ្ធសាស្ត្រ អាទិភាពដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងការលើកកម្ពស់ជីវភាពកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ដោយមើលឃើញពីសារៈសំខាន់នៃស្ពាននិងផ្លូវថ្នល់មួយខ្សែនេះ រួមនិងការលំបាក ព្រមទាំងមានសំណូមពរ របស់ប្រជាពលរដ្ឋស្នើសុំដល់រដ្ឋបាលខេត្តដើម្បីសាងសង់ស្ពានថ្មីឡើងវិញ គឺរដ្ឋបាលខេត្តកំពត ក៏បានសម្រេចធ្វើគម្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីកសាងស្ពានបេតុងថ្មីនេះ តាមរយៈការអនុវត្តន៍គម្រោងសាងសង់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានមន្ត្រីជំនាញសាធារណការនិងដឹកជញ្ជូនខេត្តចូលរួមផងដែរ។
លោក ជាវ តាយ ក៏បានស្នើជំរុញដល់មន្រ្តីជំនាញបច្ចេកទេស ពន្លឿនការសាងសង់ និងសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន រួមនឹងប្រជាពលរដ្ឋដែលរស់នៅក្បែរសង្ខាងផ្លូវជិតការដ្ឋានសាងសង់ស្ពាននេះ ធ្វើយ៉ាងណាសហការជាមួយមន្ត្រី និងអ្នកសាងសង់ឲ្យបានល្អ ដើម្បីជំរុញធ្វើឲ្យដំណើរការសាងសង់ស្ពានមួយនេះ ឲ្យបានឆាប់ចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះ ធ្វើឡើងពីបេតុង មានបណ្ដោយ ៧៥ម៉ែត្រ ទទឹងស្ពាន ៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាលស្ពានសង្ខាង ជាប្រភេទផ្លូវ កៅស៊ូមានប្រវែង ៣០០ម៉ែត្រ ដែលផ្ដល់ថវិកាដោយរាជរដ្ឋាភិបាល នឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ៕