(កំពង់ចាម)៖ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រី ត្រូវយកចិត្តទុកដាក់បន្តពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់ឲ្យមានតម្លាភាព និងគណនេយ្យភាព។

លោកប្រធានសាខា បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ន្ត ត្រីមាសទី២ ឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យ នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទន: ពិសេសការផ្តល់ជំនួយសង្រ្គោះ, ផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពជា។

ជាមួយគ្នានោះដែរលោក អ៊ុន ចាន់ដា បានណែនាំអំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ អោយទាំងអស់គ្នា ចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លង នៃវីរុសកូរ៉ូណាបម្លែងថ្មី ដ៏កាចសាហាវនេះ ពិសេសខិតខំអត់ធ្មត់ និងរួមគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងត្រូវពង្រឹងភាពម្ចាស់ការរបស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍និងត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូលចំណាយការទូទាត់ឲ្យមានតម្លាភាព និងគណនេយ្យភាព។

ក្នុងនាមលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា លោក អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជនទាំងក្នុង និងក្រៅខេត្ត សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជាត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបលំបាកជីវភាព ក្នុងទូទាំងខេត្តកំពង់ចាម៕