(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿងនៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញហើយ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ក្រោយពីបិទមួយរយៈ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

នេះបើតាមការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈដែរលោកជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយពីលោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីតនៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ ខែមេសានេះ។

លោក កើត ឆែ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ លោកអគ្គនាយក ដែលបានឧបត្ថម្ភ អង្ករ ៥តោន ស្មើរនឹង១០០០កញ្ចប់ និងត្រីខ ចំនួន ៦០០០កំប៉ុង ស្មើរនឹង១០០០កញ្ចប់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះ៖ភ័យ នៃការរាតត្បាតពីមេរោតកូវីដ-១៩។

ជាមួយគ្នានេះដែលោក កើត ឆែ បានបញ្ជាក់ថា ការទទួលអំណោយមនុស្សធម៌នៅពេលនេះ គឺស្របពេលដែល រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មេសានេះ បានសម្រេចឱ្យផ្សារទំនើបឡាក់គី នៅតំបន់លឿងនៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញផងដែរ៕