(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានអំពាវនាវចំនួន៥ចំណុច ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ក្នុងការបង្ការខ្លួនកុំឲ្យឆ្លងមេរោគកូវីដ-១៩។

នេះបើតាមសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាឆ្មប ជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប» ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ពេលនេះជាពេលដែលក្មួយៗ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន បង្ការខ្លួនកុំឲ្យឆ្លងមេរោគកូវីដ-១៩នេះឲ្យសោះ ពីព្រោះស្ថានភាពក្មួយៗ ពេលកំពុងមានផ្ទៃពោះ មានភាពងាយស្រួល ក្នុងការឆ្លងមេរោគណាស់ ហេតុនេះ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ៖

១៖ បីការពារ (ពាក់ម៉ាស់គ្របមាត់ និងច្រមុះ, លាងដៃឲ្យបានញឹកញាប់ ជាមួយទឹក និងសាប៊ូ ឬអាល់កុលជែល, រក្សាគម្លាត១ម៉ែត កន្លះឡើងទៅពីអ្នកដទៃ), បីកុំ (កុំទៅទីកន្លែង ដែលមានមនុស្សច្រើន, កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំជួបជុំគ្នា កុំប៉ះពាល់គ្នា កុំឱបគ្នា)។

២៖ ទៅពិនិត្យសុខភាព តាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានការលូតលាស់របស់អ្នក និងកូនក្នុងផ្ទៃ។ ទៅសម្រាលកូន នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងត្រូវតាមដានពិនិត្យសុខភាពទាំងមាតាទាំងទារក ក្រោយសម្រាលរួច។ បំបៅដោះទារក និងចិញ្ចឹមកូនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

៣៖ ទាក់ទងជាបន្ទាន់ ទៅមន្ទីរពេទ្យ/គ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ/ឆ្មបជំនាញ ប្រសិនជាមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។

៤៖ ក្នុងករណីក្មួយៗ រស់នៅក្នុងតំបន់មានការបិទខ្ទប់ ដោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ សូមធ្វើការទាក់ទងទៅឆ្មបជំនាញ ដែលបានពិនិត្យផ្ទៃពោះលើកមុន ដើម្បីពិគ្រោះយោបល់ អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ ស្ថានភាពឈឺពោះសម្រាលកូន ឬការណែនាំអំពីការថែទាំក្រោយសម្រាល។

៥៖ តាមដានជាប្រចាំ និងអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី/ខេត្ត ដើម្បីចូលរួមបញ្ចប់ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅកម្ពុជា។ ខ្ញុំសង្ឃឹមថា យើងរួមគ្នា យើងនឹងឆ្លងផុតឱកាសដ៏លំបាកនេះទាំងអស់គ្នា។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏សូមអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍឲ្យមាន ការគាំទ្រវិនិយោគជាបន្ត លើការបង្កើនសមត្ថភាព ដើម្បីអនុវត្តអន្តរាគមន៍គន្លឹះផ្នែកការងារឆ្មបកម្រិតសកលផងដែរ»៕