(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា មន្ត្រីសុខាភិបាលខេត្ត សហការជាមួយសមត្ថកិច្ច ប្រចាំការច្រកចាំយាម បានធ្វើតេស្តរហ័សទៅលើក្រុមអ្នកបើកបរ និងព្រូរថយន្តដឹកទំនិញចេញ-ចូលគ្រប់ប្រភេទឆ្លងដែនពីប្រទេសថៃ មកខេត្តកោះកុង ដោយយកសំណាកជាង២០០នាក់ និងនៅចំណុចផ្លូវបំបែកស្រុកស្រែអំបិល ដែលធ្វើដំណើរចូលក្នុងខេត្តកោះកុងបានជាង១០០នាក់។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានឱ្យដឹងថា ក្រោយពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើករម្មណីយដ្ឋានឡើងនៅគ្រប់បណ្តាខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ លើកលែងតែតំបន់បិទខ្ទប់តំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលនៅតែបន្តបិទខ្ទប់ដដែលមិនឱ្យចេញ-ចូល លើកលែងតែករណីចាំបាច់នោះ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ក្រោយការធ្វើតេស្តរហ័ស ក្រុមគ្រូពេទ្យមិនបានឃាត់មនុស្សទុកទេ គឺឱ្យគាត់ធ្វើដំណើរទៅលំនៅដ្ឋានវិញ ដោយណែនាំពួកគាត់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ នៅលំនៅដ្ឋានខ្លួនឯងសិន និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយបើមានលក្ខណៈសង្ស័យលើកសុខភាពខ្លួនឯងត្រូវទៅពិគ្រោះយោបល់ជាមួយក្រុមលោកគ្រូពេទ្យ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមលោកគ្រូពេទ្យស្តាប់តាមការណែនាំរបស់ក្រុមលោកគ្រូពេទ្យ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្នុងខេត្តកោះកុង តំបន់ដែលអាជ្ញាធរតម្រូវឱ្យបិតខ្ទប់ គឺមានតែ១កន្លែង ស្ថិតនៅក្នុងក្រុមហ៊ុនញ៉ូញៀន ស្ថិតនៅឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុងតែប៉ុណ្ណោះ ហើយតំបន់នេះយើងអាចគ្រប់បានទាំងស្រុង ដោយមិនអនុញ្ញាតឱ្យចេញចូលឡើយ។

លោកវេជ្ជបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននានា ឱ្យចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ហើយត្រូវអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំរបស់រាជរដ្ឋាបាល និងក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ឱ្យជាប់ជានិច្ចរក្សាអនាម័យឱ្យបានល្អថែទាំសុខភាព ពីព្រោះកូវីដមានហានិភ័យខ្ពស់ណាស់ជាជំងឺសកល៕