(សៀមរាប)៖ នៅថ្ងៃទី២៨ ខែមេសា នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឲ្យបើកការចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះចំនួន២០ក្នុងក្រុងសៀមរាប ដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសជូនដំណឹងដែលសារព័ត៌មាន Fresh News ទទួលបាន។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាប ករណីទីតាំងខាងលើនេះ គឺពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម (១២ មេសា ២០២១) និងឈ្មោះ សួរ សារ៉ាន់ (១៣ មេសា ២០២១)។ តែដោយសារមានការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងផ្ទះ ចំនួន២០ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។

យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត នៅបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។

គួរបញ្ជាក់ថា ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២០នាក់ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ គិតត្រឹមថ្ងៃទី២៨ ខែមេសានេះ មានអ្នកសះស្បើយ១២នាក់ និង៨នាក់ទៀតកំពុងបន្តព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕