(តាកែវ)៖ ជនជាតិចិនចំនួន២នាក់ ដែលបម្រើការងារនៅរោងចក្រផលិតកាបូប «PV» នៅក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្រ្តីសុខាភបាលធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេមានអាការៈក្អក និងក្ដៅខ្លួន។

បើយោងតាមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា «មន្រ្តីសុខាភិបាលបានធ្វើតេស្តលើជនជាតិចិន ២នាក់ ដែលបម្រើការនៅរោងចក្រមួយកន្លែង នៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ដោយលទ្ធផលចេញមក គឺពួកគេផ្ទុកជំងឺកូវីដ-១៩»

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានបន្តថា បច្ចុប្បន្ន អ្នកជំងឺជនជាតិចិនទាំង២នាក់ ត្រូវដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី។ ដោយឡែករោងចក្រដែលពួកគេបម្រើការត្រូវបានថៅកែរោងចក្រ សម្រេចបិទជាបណ្ដោះអាសន្នដោយខ្លួនឯង ជាហេតុធ្វើឲ្យអាជ្ញាធរមានការលំបាក ដើម្បីស្វែងរកកម្មករមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក៕