(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងការអនុវត្តវិធានការក្នុងការធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ដ្រខេត្តរតនគិរី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

តាមរយៈសេចក្ដីណែនាំនេះ រដ្ឋបាលខេត្តរតនគិរី បានកំណត់ថា គ្រប់អ្នកធ្វើដំណើរទាំងអស់ដែលចូលមកភូមិសាស្ដ្រខេត្ត ត្រូវផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីទីតាំងដែលចេញដំណើរ និងគោលដៅដែលខ្លួនត្រូវទៅ។ ចំពោះអ្នកធ្វើដំណើតទាំងឡាយណាដែលចេញពីតំបន់មានការផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ នោះកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅចំណុចឈរជើងតាមគោលដៅ ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេសត្រូវយកសំណាករបស់អ្នកធ្វើដំណើរទាំងនោះ ដើម្បីវិភាគរហ័ស (Rapid test)។

ក្នុងករណីដែលរកឃើញថា មានវិជ្ជមានជំងឺកូវីដ១៩នោះ រដ្ឋបាលខេត្ត ដោយមានកិច្ចសហការជាមួយមន្ដ្រីសុខាភិបាល ត្រូវអនុវត្តនីតិវិធីបន្ដផ្នែកសុខាភិបាល។ ផ្ទុយមកវិញ ក្នុងករណីដែលពុំរកឃើញវិជ្ជមានជំងឺកូវីដ១៩ អ្នកធ្វើដំណើរនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរបន្ដទៅដល់គោលដៅ ដោយត្រូវបានផ្ដល់ដំណើង អំពីកន្លែងស្នាក់នៅ ឬបំពេញការងារ និងអនុវត្តវិធានសុខាភិបាលនានា ដូចជា ការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនៅពេលដែលខ្លួនស្នាក់នៅ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តរតនគិរី៖