(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្ថិតក្នុង «តំបន់លឿង»។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសានេះបានបញ្ជាក់ថា ក្រសួងការងារសូមជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម និង អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង «តំបន់លឿង» នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល អាចស្នើសុំ «ប័ណ្ណអនុញ្ញាតដឹក ជញ្ជូនកម្មករនិយោជិត» (ដូចមានក្នុងឧបសម្ព័ន្ធ) តាមកម្មវិធី https://transportationpass.mlvt.gov.kh

ក្រសួងបន្តថា ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និង ត្រឡប់មកផ្ទះ ត្រូវយកតាមខ្លួននូវ៖

* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក។
* កាតសម្គាល់កម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ចំពោះការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនកម្មករនិយោជិតម្នាក់ៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមក្រុម តេឡេក្រាម https://t.me/transportationpass