(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបឥណ្ឌា កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសបណ្តើរៗ មកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់នៅសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតធម្យទៅច្រើន តាមតំបន់។

ជាមួយនឹងធាតុអាកាសបែបនេះ ក្រសួងធនធានទឹក នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេស នៅបណ្តាខេត្តនៃទំនាបកណ្តាល៕