(ភ្នំពេញ)៖ គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.) នឹងរៀបចំសន្និសិទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅ ដោយមានការចូលរួមជាវាគ្មិនតំណាងឲ្យស្ថាប័នចំនួន៥រួមមាន ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។

ការកំណត់ភូមិសាស្ត្រជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ព្រមទាំងវិធានការដែលត្រូវអនុវត្តចំពោះតំបន់នីមួយៗ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ៕