(ភ្នំពេញ)៖ ស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកមួយឈ្មោះ Khmer Plus ដែលបានចុះផ្សាយបំភ្លើសខុសពីការពិត ខណៈសមត្ថកិច្ចពុងតែស្វែងរកម្ចាស់ផេកនេះ ដើម្បីចូលខ្លួនមកបំភ្លឺលើករណីឡាយព័ត៌មានមិនពិតនេះ។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងយ៉ាងដូច្នេះ «ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បានចាក់សោរមិនឱ្យអ្នកជួលជាច្រើននាក់ចេញក្រៅបន្ទប់ ហើយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង»។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអាជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ហើយបានសាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថាទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បេីសិនជាមិនមានការចាំបាច់។

ឆ្លើយតបទៅនឹងការឡាយព័ត៌មានខុសពីការពិតនេះ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥៖០០នាទី ប្រជាពលរដ្ឋចំនួន៥រូប តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ដែលបានជួលបន្ទប់ដូចមានទីតាំងបានបញ្ជាក់ជូនខាងលើ បានចូលខ្លួនមកបំភ្លឺ និងបកស្រាយជូនប្រជាពលរដ្ឋទាំងអស់ ដោយបានថតវីដេអូខ្លី ដើម្បីបញ្ជាក់ឱ្យប្រជាពលរដ្ឋទាំងអស់បានជ្រាបច្បាស់ថា ការឡាយរបស់ផេក Khmer Plus គឺខុសពីការពិតទាំងស្រុង។

ស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាននេះ «គឺជាការឡាយក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម ជាក់ស្តែងម្ចាស់បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហេីយអ្នកជួលបន្ទប់ក៏បានបញ្ជាក់បន្ថែមថា បេីមានបញ្ហាសុខភាព ឬកិច្ចការចាំបាច់ណាមួយក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ទៅអាជ្ញារមូលដ្ឋាន ដើម្បីសុំការអនុញ្ញាតឱ្យចេញដែរ តំណាងអ្នកជួលបន្ទប់បានបញ្ជាក់បន្ថែមថា ហើយក៏មិនមានការលក់បន្លែ ត្រី សាច់ ក្នុងតម្លៃខ្ពស់ទ្វេរដង ដូចសារព័ត៌មាននោះបានឡាយនោះទេ»។

ចំពោះករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតែស្វែងរកម្ចាស់ផេកនេះ ដើម្បីចូលខ្លួនមកបំភ្លឺលើករណីឡាយព័ត៌មានមិនពិតនេះផងដែរ៕