(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចពិន័យអន្តរការណ៍ទៅលើជនជាតិចំនួន៣នាក់ និងអ្នកបើករថយន្តជនជាតិខ្មែរម្នាក់ ក្នុងម្នាក់ៗប្រាក់ចំនួន ២លាន ៥សែនរៀល ក្រោយធ្វើដំណើរល្មើសនឹងវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលនៅខណ្ឌដូនពេញ។ នេះបើតាមលោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

ការពិន័យប្រាក់អន្តរការណ៍ទៅលើជនជាតិចិន និងអ្នកបើកម្នាក់នេះ បានធ្វើក្រោយកម្លាំងសមត្ថកិច្ចចម្រុះប្រចាំនៅគោលដៅរង្វង់មូលគួចការណុង ស្ពានជ្រោយចង្វារ បានឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ (ស្រី១នាក់) និងអ្នកបើកបរម្នាក់ ដែលដឹកជនជាតិចិនគ្រោងឆ្លងកាត់គោលដៅ ឆ្ពោះទៅអូតែលសុខា ក្នុងទឹកដីខណ្ឌជ្រោយចង្វារ តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់សួរនាំ ដោយគ្មានលិខិតអនុញ្ញាត ទើបឃាត់ខ្លួនភ្លាមៗសុំគោលការណ៍ថ្នាក់លើបន្ត។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្ត Roy Roy ពណ៌ខ្មៅលាយស ពាក់ស្លាកលេខពិសេស (កម្ពុជា BRS.7377)បាន ចេញពីក្រុមហ៊ុននៅម្ដុំផ្សារអីអន២ ទៅដឹកជនជាតិចិន៣នាក់ (ស្រី១នាក់) នៅក្លឹបស្កាយបា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឆ្ពោះទៅអូតែលសុខា។

ពេលធ្វើដំណើរមកដល់គោលដៅគួចកាណុង ត្រូវបានសមត្ថកិច្ចឃាត់តែម្ដង ដោយពុំមានឯកសារអនុញ្ញាតធ្វើដំណើរ ឬលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងៗ និងហ៊ានធ្វើដំណើរនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល៕