(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីណែនាំមួយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយបង្ហាញពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តឧត្ដរមានជ័យ។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ដូចខាងក្រោម៖

* ហាមឃាត់ដាច់ខាតរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ក្នុងភូមិសាស្ដ្រទូទាំងខេត្តឧត្តរមានជ័យ រហូតដល់មានការជូនដំណឹងថ្មី

* បន្ដពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ឲ្យបានហ្មត់ចត់ (គ្រប់គ្រងចំណូល និងចំណាកស្រុក) ព្រមទាំងបន្ដអប់រំផ្សព្វផ្សាយ និងណែនាំជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពីវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

* ត្រូវអនុវត្តវិធានការច្បាប់ជាធរមាន ចំពោះបុគ្គល ឬទីតាំងទាំងឡាយណាដែលមិនសហការ និងមិនចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល, របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តឧត្តរមានជ័យ។

ក្នុងអំឡុងពេលនេះ រដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចាត់វិធានការចាំបាច់នានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

ខាងក្រោមនេះ ជាខ្លឹមសារនៃសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ៖