(សៀមរាប)៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្ដារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំ។ ការអនុវត្តជំហានដំបូងនេះ ធ្វើឡើងនៅកសិន្ធុខាងលិច ឬជាប់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ខណៈស្មៅ និងរុក្ខជាតិតូចៗដែលដុះចាក់ស្រេះលើគ្នាក្លាយជាពើកនោះ មានសភាពក្រាស់ និងកន្លែងខ្លះស្ទើរមើលទឹកមិនឃើញ ហើយនៅផ្នែកខាងក្រោម មានកំណកដីប្រមាណ ៦តឹក។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក បានឲ្យដឹងថា ការងារនេះនាយកដ្ឋានបានប្រើប្រាស់កម្លាំងជិត ៤០ នាក់ ដែលចាប់ផ្តើមស្ដារពើកពីថ្ងៃទី២៤ ខែមេសាមក។ លោកថា ការងារមានជួបបញ្ហាប្រឈមខ្លះៗ ដូចជា សត្វអាសិរពិស ដែលរស់នៅក្នុងពើក ដែលជាហានិភ័យសម្រាប់កម្មករដែលចុះកាត់ពើក។ មួយទៀត វាជាការលំបាក និងធ្វើឲ្យការងារមិនអាចធ្វើលឿនទៅបាន គឺពើកដែលមានសភាពក្រាស់ ធ្ងន់ ដូច្នេះត្រូវមានបច្ចេកទេសកាត់ច្រៀកចំណិតតូចៗ ដើម្បីងាយស្រួលលើកចេញ។

យ៉ាងណាមិញ លោក ញ៉ែម រស្មី បានបញ្ជាក់ថា ក្រុមការងារកំពុងរកវិធីសាស្រ្ដផ្សេងទៀត ដើម្បីជំរុញឲ្យការងារបានទៅមុខលឿន ដូចជា ការប្រើឧបករណ៍ជំនួយដើម្បីអូសពើក ដែលបច្ចុប្បន្នប្រើតែកម្លាំងមនុស្សអូសផ្ទាល់។

ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ដោយមានការឧបត្ថម្ភដោយវិស័យឯកជន ក្នុងនោះរួមមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងសប្បុរសជនមួយចំនួនទៀត។ ការស្ដារនេះមានប្រវែង ទទឹង ១០០ ម៉ែត្រ បណ្ដោយ ១,៥០០ ម៉ែត្រ។ ការស្ដារពើកនេះ គឺដើម្បីចូលរួមអភិរក្ស និងលើកតម្លៃឡើងវិញនៃរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា ពើកស្មៅដ៏ក្រាស់នេះ កកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជា កំប្លោក ស្លែ នៅក្នុងទឹករយៈពេលយូរ កង្វះការសម្អាតគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកកក្រាស់កើតជាពើកដូច្នេះ។ គេរំពឹងថា បរិស្ថាននៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាត និងទាក់ទាញឡើងវិញ បន្ទាប់ពីការងារស្ដារពើកនេះបានបញ្ចប់ទៅតាមការគ្រោងទុក ហើយក៏ងាយស្រួលក្នុងការផ្ទុកទឹកបានច្រើនជាងពេលមុនផងដែរ៕