(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដោយកំណត់ និងបែងចែកតំបន់ ដែលជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។ សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា តំបន់លឿង និងតំបន់លឿងទុំ នៅបន្តអនុវត្តបម្រាមគោចរដដែល។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះ៖

* ប្រការ៤ ចំណុច៤ កំណត់ថា ត្រូវបានអនុវត្តបម្រាមគោចរនៅ តំបន់លឿងទុំ ដោយផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ (លើកលែងតែក្នុងករណីមានការអនុញ្ញាត)។

* ប្រការ៥ ចំណុច៥ កំណត់ថា ត្រូវបានអនុវត្តបម្រាមគោចរនៅ តំបន់លឿង ដោយផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ (លើកលែងតែក្នុងករណីមានការអនុញ្ញាត)។

* ដោយឡែក យោងតាមប្រការ៣ ចំណុច១ កំណត់ថា ក្នុងតំបន់ក្រហម បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាត ឲ្យធ្វើសកម្មភាពកីឡាក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន (លើកលែងតែក្នុងករណីមានការអនុញ្ញាត)។

សូមជម្រាបថា ការកំណត់ភូមិសាស្ត្រជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ ក្នុងនោះ៖

* «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។
* «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
* «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕