(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការកំណត់ភូមិសាស្ត្រជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល មេត្តាជ្រាបថា បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានកំណត់អំពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយក៏ដោយ ក៏វិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗទាំងនោះ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ»

ក្នុងពេលនេះ រហូតដល់មុនម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព បានជំរុញពលរដ្ឋ ឲ្យបន្តអនុវត្តនូវរាល់វិធានការដែលបានដាក់ចេញកន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម៕

សូមអានខ្លឹមសារសេចក្តីសម្រេច ស្តីពីការកំណត់ និងបែងចែកតំបន់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង របស់រដ្ឋបាលរាជធានីភ្នំពេញ៖ (ចុចអាន)