(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ នៅទីតាំងចែកចាយផលនេសាទ (យឿត្រី) ស្ថិតនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងនេះ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា សូមប្រជាពលរដ្ឋជាពិសេសម្ចាស់ទីតាំង និងអាជីវករទាំងអស់ជ្រាបថា ស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនទាន់មានការថមថយនៅឡើយទេ ដែលស្ថានភាពនេះ គួរឱ្យមានការព្រួយបារម្ម និងចាំបាច់មានវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្ទាន់។

លោក សុខ សម្បត្តិ អះអាងថា ចំពោះមុខរដ្ឋបាលខណ្ឌព្រែកព្នៅ សូមផ្អាកដំណើរការជាបណ្ដោះអាសន្ន នៅទីតាំងចែកចាយផលនេសាទ (យឿត្រី) ស្ថិតនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

លោក សុខ សម្បត្តិ មានក្ដីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់ទីតាំង និងអាជីវករ អតិថិជនទាំងអស់ ដែលចេញចូលយឿត្រីខាងលើ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ប៉ុន្តែផ្ទុយទៅវិញបងប្អូនអាជីវករទាំងអស់ បើមិនចូលរួមអនុវត្តនូវសេចក្ដីជូនដំណឹងនេះទេ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ និងមានវិធានការច្បាប់ជាធរមាន៕