(ភ្នំពេញ)៖ ត្រឹមរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជាប្រមាណជិត ២ ពាន់កេស ជូនដល់គោលដៅបិទខ្ទប់ចំនួនជិត ១០០ទីតាំង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។

អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ដែលបានចុះចែកផ្ទាល់នៅថ្ងៃទី២៥ ខែមេសា ឲ្យដឹងថា ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់ស្ថាប័ននានា ដែលបំពេញកិច្ចការងារជួយដល់សង្គម។

លោកឧកញ៉ា បន្ថែមថា៖ «ការរស់នៅក្នុងសង្គមគឺត្រូវការការជួយគ្នាទៅវិញទៅមក។ ក្នុងស្ថានភាពនៃការឆ្លងវីរុសកូវីដ-១៩ បច្ចុប្បន្ន ការរួបរួមសហការគ្នា គឺត្រូវការកាន់តែខ្លាំងពីគ្រប់ស្ថាប័នទាំងអស់ មិនថាឯកជន រដ្ឋ ឬពលរដ្ឋទូទៅនោះទេ គឺដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពសម្រាប់ពួកយើងគ្រប់ៗគ្នា»

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០ ដោយគ្រោងនឹងបរិច្ចាគទឹកបរិសុទ្ធកម្ពុជាប្រមាណជា ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា៕