(កណ្តាល)៖ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រគល់ម៉ាសចំនួន ១០,០០០ម៉ាស អាកុលចំនួន ៦០០លីត្រ មីជាតិចំនួន ២០០កេស និងទឹកសុទ្ធចំនួន២០០កេស ជូនរដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាតក្នុងមូលដ្ឋាន ក្នុងពេលដែលរាជរដ្ឋាភិបាលដាក់ចេញវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកកិតិ្តសង្គហបណ្ឌិត បានពាំនាំនូវផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំពោះសមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួល សូមឱ្យអាជ្ញាធរត្រូវមានវិធានការ ចុះអប់រំណែនាំប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវគោរពតាមការណែនាំនានា របស់ក្រសួងសុខាភិបាល អនុវត្តន៍វិធានការ «៣កុំ ៣ការពារ» និងត្រូវផ្សព្វផ្សាយឱ្យបានរហ័ស និងទូលំទូលាយដល់ប្រជាពលរដ្ឋនូវវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសត្រូវពន្យល់ណែនាំអំពីទោសទណ្ឌនៃការល្មើសបំរាមជៀសវាងបងប្អូនប្រព្រឹត្តខុសនាំមានទោស។

លោកកិតិ្តសង្គហបណ្ឌិត ទេព ងន បានបន្ថែមថា សូមអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនក្នុងមូលដ្ឋាន ពិសេសលើកត្តាសុខភាព និងជីវភាព មិនត្រូវទុកឱ្យបងប្អូនឈឺស្លាប់ដោយមិនបានបញ្ជូនទៅព្យាបាល ឬអត់ឃ្លានស្លាប់ដោយអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់លើជាបន្ទាន់ ដើម្បីរួមគ្នាដោះស្រាយក្នុងដំណាក់កាលនេះ មានតែកិច្ចសហការ និងការចូលរួមរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។

បន្ថែមពីនេះ លោកកិតិ្តសង្គហបណ្ឌិត ទេព ងន គូសបញ្ជាក់ថា ជាពិសេសអាជ្ញាធរត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្អូនក្នុងមូលដ្ឋានសូមជួយពន្យល់ និងជំរុញបងប្អូន ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងឱ្យបានទៅចាក់គ្រប់ៗគ្នា និងសូមឱ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីនៃកម្ពុជា ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ ដើម្បីសុខទុក្ខបងប្អូនទូទាំងប្រទេស សូមធ្វើការបែងចែកអំណោយទាំងនេះឱ្យចំគោលដៅ។

លោកកិត្តិសង្គហបណ្ឌិត បានជូនពរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមប្រឹក្សាឃុំ ក៏ដូចជាផ្តាំសួរសុខទុក្ខ និងជូនពរប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួល សូមទទួលបានពរជ័យ សុខសុវត្ថិភាព និងសូមថែរក្សាសុខភាពឱ្យជៀសឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនាពេលនេះ៕