(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានផ្លូវការ បង្ហាញពីការស្លាប់របស់មនុស្ស៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

ក្រសួងសុខាភិបាល បានបង្ហាញអំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដូចខាងក្រោម៖

* ទី១៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ជាមួយលទ្ធផល វិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ដោយការវិវត្តិរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃចេះ តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពេលចូលដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុន ពេលចូលមកដល់មន្ទីរពេទ្យ
នៅវេលាម៉ោង ១៧៖០០នាទី នាថ្ងៃដដែល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ (Mourant entrant avec COVID-19)។

* ទី២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ៥២ឆ្នាំ រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ បានចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០៥នាទី ពេលចូលដល់មន្ទីរពេទ្យត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិត រួចទៅហើយមុនពេលចូលមកដល់មន្ទីរពេទ្យ។

ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ (Mourant entrant avec COVID-19)។

* ទី៣៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៧៧ឆ្នាំ រស់នៅខេត្តព្រះសីហនុបានចូលសម្រាកពេទ្យនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៣០នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង។

ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖២០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧៧ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩។

សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើតឡើងដល់៨២នាក់៕

*** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាព Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល!
App: http://onelink.to/freshnews
Join US: https://t.me/freshnewsasia