(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ដើម្បីដឹកជញ្ជូនស្បៀងអាហារចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។

សម្រាប់ថ្ងៃទី២៦ ខែមេសាម្សិលនេះ អាជ្ញាធរខណ្ឌនីមួយៗ បានសហការយ៉ាងល្អជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហានបានបន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន ១២០០០គ្រួសារ ក្នុង១៤ខណ្ឌ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលកាន់ការងារលើនេះ បានឱ្យដឹងថា ក្នុងចំនួន១២០០០គ្រួសារនេះ បានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យ ចំនួន៣៥០០គ្រួសារ, ខណ្ឌមានជ័យ ២០០០គ្រួសារ, ខណ្ឌដង្កោ២០០គ្រួសារ, ខណ្ឌសែនសុខ៥០០គ្រួសារ, ខណ្ឌព្រែកព្នៅ១៥០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន ៥០០គ្រួសារ, ខណ្ឌជ្រោយចង្វារ៥០០គ្រួសារ, ខណ្ឌដូនពេញចំនួន៧០០គ្រួសារ, ខណ្ឌ៧មករា១០០០គ្រួសារ, ខណ្ឌទួលគោក៣០០គ្រួសារ, ខណ្ឌចំការមន៣០០គ្រួសារ, ខណ្ឌបឹងកេងកង៥០០គ្រួសារ និងខណ្ឌច្បារអំពៅចំនួន៥០០គ្រួសារ។

គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ក្នុងការនាំស្បៀងអាហារទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌខាងលើ ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខជាដើម។

ជាមួយគ្នានោះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈអញ្ជើញទទួលអំណោយពីសមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ ខែមេសានេះ បានបញ្ជាក់ហើយថា សម្រាប់ថ្ងៃទី២៦ ខែមេសានេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកម្លាំងកងទ័ពជើងគោក បានដឹកស្បៀងអាហារ យកទៅចែកជូនប្រជាពលរដ្ឋ និងកម្មករទីទ័លក្រចំនួន១២០០០គ្រួសារ ទៅតាមការណែនាំរបស់លោក ឃួង ស្រេងហើយការងារនេះនៅតែបន្តធ្វើ ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋខណ្ឌបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕