(ពោធិ៍សាត់)៖ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយ កម្លាំងប៉ុស្ដិ៍បន្ទាយដី និងកម្លាំងប៉ុស្តិ៍ព្រៃញី ដោយមានការចូលរួមពីលោកមេភូមិ និងដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយ២កន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងមួយចំនួនធំ។

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង០១៖៣០នាទីរៀសលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចកញ្ចុះ ក្នុងហាងអាហារដ្ឋាន វាលស្រែខាងកើត ដែលស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ និងបន្តនីតិវិធីចុះទៅឆែកឆេរជាក់ស្ដែងនៅកន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងរបស់លោក បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ នៅទីតាំងខាងលើ។ ក្រោយឃាត់ខ្លួនកម្លាំងនគរបាលបានបន្តនីតិវិធីចុះទៅឆែកឆេរជាក់ស្ដែងនៅកន្លែងស្នាក់នៅរបស់ជនសង្ស័យ នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់តូច និង០៥កញ្ចប់ធំ ទម្ងន់ ៣១.៨១ក្រាម (ថ្លឹងទាំងសំបក), ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ថង់ផ្លាស្ទិចពណ៌ស សម្រាប់ច្រក់គ្រឿងញៀនមួយចំនួន, ដែកកេះចំនួន ០៣ដើម និងម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់៕